Tuesday, November 3, 2015


អារម្ភកថា


​​      ​ ដោយមានចំណូលចិត្តដិតជាប់គាប់ចៃ លើវិស័យសិល្បៈវប្បធម៌ អក្សរ​​សាស្ត្រ ពិសេសកំណាព្យកាព្យឃ្លោង ទើបជំរុញរូបខ្ញុំ ធ្វើការសរសេរ និពន្ធ ជាអត្ថបទកំណាព្យ ខ្លីៗ នូវមេកាព្យរបស់បុព្វបុរសខ្មែរ និងបង្កើតមេកាព្យបទ (បែបថ្មី) បន្ថែមទៀត ហើយរៀបចំចងក្រងបោះពុម្ភ ឱ្យកើតបានជាកូនសៀវមួយ​ក្បាលក្នុងទីនេះ។ សង្ឃឹមថា វានឹងបានជាប្រយោជន៍ខ្លះៗ ដល់សាធារណជន ពិសេសប្អូនៗ កូនក្មួយ ដែល​មានចំណូលចិត្ត យកទៅធ្វើការសិក្សា សរសេរនិពន្ធ រក្សាឱ្យ បានគង់វង្ស និងកាន់តែទូលំទូលាយថែមទៀត នូវកំណាព្យរបស់ខ្មែរយើង  ។  
                ប្រិយមិត្តជាទីគោរពរាប់អាន!
          រាល់អត្ថបទកំណាព្យក្នុងសៀវភៅនេះ ពុំបានធ្វើការផ្ដោតជា សំខាន់លើអត្ថន័យ ឬក៏ចាត់ទុកថា ជាស្នាដៃដ៏វិសេសវិសាលនោះទេ  វាគ្រាន់តែជាការបង្ហាញ អំពីរបៀបសរសេរកំណាព្យតែប៉ុណ្ណោះ។
             ចំណេះដឹងតិចតួចស្ដួចស្ដើងនេះ​ គង់នឹងមានកំហុសឆ្គងជាក់ ជាមិនខាន ហេតុនេះ ខ្ញុំសូមធ្វើការខន្តីអភ័យទោសទុកជាមុន នូវរាល់ កំ​ហុសទាំងឡាយណា ដែលកើតមានឡើង។ គោលបំណងសំខាន់ គឺចង់ចូលរួមចំណែក ថែរក្សាការពារឱ្យបានឋិតថេរ  នូវសិល្បៈវប្បធម៌ អក្សរ​​សាស្ត្រ ពិសេសកំណាព្យ ដែលជាស្នាដៃបុព្វបុរស 
            សូមចូលរួមទាំងអស់គ្នា ដើម្បីភាពថ្កុំថ្កើង រុងរឿងនៃវប្បធម៌ ដ៏ល្អផូរផង់របស់ជាតិយើង។
            អាយុ វណ្ណ សុខ ពល បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ!
            សូមអរព្រះគុណ និងអរគុណ!


     អ្នកនិពន្ធ និងរៀបរៀង រ័ត្នន៍ សេនា
 ..............................................................................................



  
             កំណាព្យ គឺជាកម្រងពាក្យកាព្យ, ពាក្យពេចន៍សម្ដីខ្លីវែង តាក់​តែងមានក្បួន ចាប់ចុងចួន ផ្ទួន រណ្ដំ ណែងណង ធ្វើឱ្យអ្នកផងដែល បានអាន និងស្ដាប់មានអា​រម្មណ៍ថាពីរោះ និងរំភើប ។ កំណាព្យ មាន ឃ្លា ល្បះ និងកំណត់ចំនួនព្យាង្គត្រឹមត្រូវ ទៅតាមបទនីមួយៗ ។
            លក្ខណៈនៅក្នុងកំណាព្យ ដែលចេញពីទឹកដៃ ច្នៃប្រឌិតគំនិតប៉ិនប្រសព្វរបស់អ្នកនិពន្ធទាំងរូបភាព ខ្លឹមសារ​សោ​ភ័ណ  និងសម្ផស្ស រណ្ដំបត់បែន ណែងណង បញ្ឆិតបញ្ឆៀង តែមាន​ន័យគ្រប់​គ្រាន់ ទាំងអស់នេះចាស់បុរាណហៅថា កំណាព្យកាព្យឃ្លោង
            កំណាព្យ មានឥទ្ធិពលខ្លាំងក្លាណាស់មកលើសង្គមខ្មែរ។ភាគ ច្រើននៃស្នាដៃក្នុងផ្នែកអក្សរសាស្ត្រ របស់បុព្វបុរសដូនតាយើង គឺកំ ណាព្យ។ ដោយសារការប៉ិនប្រសព្វតាក់តែង ណែងណង ចងចុងចួន ផ្ទួន រណ្ដំ កើតចេញជាកំណាព្យកាព្យឃ្លោងនេះ ដែលទាក់ទាញអា​រម្មណ៍ប្រ​ជាពល​រដ្ឋខ្មែរ​​ គ្រប់ស្រទាប់វណ្ណៈឱ្យចូលចិត្ត ដែលជាការងាយស្រួលក្នុងការបញ្ចូល នូវខ្លឹមសារ មនោគមន៍វិជ្ជា ការអប់រំ ទូន្មាន ប្រៀនប្រដៅជាដើមទីក្នុងកំណាព្យ ។
            សិល្បៈគ្រប់ទម្រង់ទាំងអស់ សុទ្ធតែត្រូវការកំណាព្យជាចាំ បាច់ មិនអាចអត់បាន ក្នុងនោះរួមមាន៖ ភ្លេងអារក្ស, ភ្លេងប្រពៃណី (ភ្លេងការ), របាំបូរាណ ប្រពៃណី, ល្ខោនស្រមោល, ល្ខោនខោល, មហោរី, យីកេ, ល្ខោនបាសាក់, អាប៉េ, អាយ៉ៃ, ចាប៉ី         សូម្បីតែបទភ្លេង ចម្រៀង ក៏ជាផ្នែកមួយរបស់កំណាព្យដែរ ដែលយើងអាចហៅថាកាព្យចម្រៀងសម័យ (តន្ត្រីសម័យ) ក៏ត្រូវការកំណាព្យជាចាំបាច់ផងដែរ គ្រាន់តែវាការយកកំណាព្យទៅប្រើក្នុងទម្រង់ផ្សេងៗ ខាងលើ គឺមិនទាមទារឱ្យសរសេរប្រិតប្រៀងក្បួនខ្នាត ដូចជាការសរសេរកំណាព្យឡើយ។  ។  
            កំណាព្យមានបង្កប់អត្ថានុរូបន័យ (ន័យរបស់ពាក្យដែលសម​ទៅតាមសេចក្ដី, ន័យ​​​​របស់ពាក្យត្រង់, ន័យដែលមិនបង្វិល​បញ្ចៀស ខុសឃ្លាតចាកសេច​ក្ដីដើម គឺពាក្យដែលមិនប្រើជាសេចក្ដីប្រៀបប្រ​ដូច), និងអត្ថបដិរូបន័យ (ន័យប្រៀបធៀប, បញ្ឆិតបញ្ឆៀង) ។  
            ឧទាហរណ៍ៈ
រីសត្វគីង្គក់ជ្រងក់រាល់ថ្ងៃ                         គ្រវាសជើងដៃលកលៃផ្សព្វផ្សាយ
ទៅអ្នកដំណើរដើរទីជិតឆ្ងាយ                 អញ្ជើញ!មកអាយចំណាយទិញថ្នាំ។
ពូកែជាក់ស្ដែងថ្នាំស្រែងរោគា                 ដាក់ភ្លាមធានានឹងជាលុះឆ្នាំ
ឱសថដូនតាកត់ត្រាចំណាំ                      លាបរាប់ដល់ប្រាំស្រែងស្រាំជាស្រេច។
តើជឿដែរអី?សម្ដីគីង្គក់!                           ម៉្ងៃៗវីវក់ដើរលក់ចង់ដាច់
ឯស្បែកខ្លួនឯងស្រែងគ្រើមពេញសាច់   គគ្រាតប៉ប៉ាច់ពកដាច់ដោយដុំ។

           អត្ថានុរូប​​ (ន័យត្រង់):  និយាយសំដៅដល់សត្វគីង្គក់ដែល មានស្បែកគ្រើមគគ្រាត ដូចជាស្រែងដំបៅ។
           អត្ថបដិរូប (ន័យបញ្ឆិតបញ្ឆៀង):​ ​បង្ហាញអំពីបុគ្គលក្រុម ពួកដែលមនុស្សទុច្ចរិត តែខំអួតអាង ឃោសនាឱ្យអ្នកផងជឿលង់តាម បន្តុះបង្អាប់បង្អាប់អ្នកដទៃ គ្មានអ្នកណាល្អដល់ខ្លួន (តាមពិតជាគីង្គក់ លក់ថ្នាំស្រែងសោះ)។
            ប៉ុន្តែ ក៏មិនតម្រូវឱ្យកំណាព្យទាំងអស់ សុទ្ធតែមានន័យត្រង់ និងន័យបញ្ឆិតបញ្ឆៀងនោះដែរ កំណាព្យខ្លះ និយាយពាក្យត្រង់ទាំង អស់ក៏បាន ។
           
កម្រងកែវ

            កម្រងពាក្យសម្ដីស្ដីចាប់ចុងចួន រំលេចពាក្យពេចន៍ ប្រទាក់ក្រឡាវោហាសព្ទ ស្ដាប់​​ទៅពីរោះរណ្ដំចំដួងចិត្ត ដ្បិតរលូនចួនណែង ណង អ្នកផងគាប់ចៃអាល័យចង់ស្ដាប់ នោះហើយដែលហៅថា ពាក្យ «កម្រងកែវ» ។ វាពុំមែនជាកំណាព្យ ហើយក៏គ្មានការកម្រិតឃ្លា ល្បះ ឬចំនួនព្យាង្គកំណត់ច្បាស់លាស់នោះដែរ ។
            ឧទាហរណ៍កំសាន្តៈ
            ព្រឹកព្រាងរៀងរះ ជះរស្មីពណ៌ដ៏ត្រចះ ច្បាស់ផូរផង់ តម្រង់ត្រង់ចូលដល់យល់ពន្លឺភ្លឺថ្លា នាទឹកដីអង្គរបវរល្អឆើតឆាយត្រសាយ​ត្រ​សុំ​សុខដុមរមនាជាភិយ្យោភាព រៀងរាបដរាបតទៅ ស្ថេរស្ថិតនិត្យនៅ ដៅដល់សួស្ដី ជ័យមង្គលវិបុលសុខគ្រប់ប្រការ កាយាចិត្តឥតហ្មងសៅ ក្ដៅក្រហាយខ្វាយខ្វល់ដល់តិចតួចឡើយ​ ។ ជាសះស្បើយរោគាពាធឃ្លាត​​ចាកផ្អាកទុក្ខ សុខសាន្តត្រាណឥតមានសង្កា រួមរស់ជានានឹងគ្នា  សាមគ្គាសាមគ្គីដល់ទីអវសាន្ត ស្មោះស្មានស្ម័គ្រស្មើអើអញពេញចិត្ត ឥត​ឈ្លោះប្រកែកបែកបាក់ ថ្នាំងថ្នាក់បន្តិចបន្តួចស្ដួចស្ដើងសោះឡើយ​  ។ សុខស្បើយឥតល្ហែរៀងរាល់ខែថ្ងៃ ចង្រៃចៃដន្យអាសន្នក្រក៏បរ​​   វៀសចៀសចេញ ដេញត្រឡប់កប់ចោលជាស្រមោលក្នុងអតីតកាលក្រាល​ គ្របជិតបិទបាំងរាំងខ្ទប់លុបបំបាត់ឲ្យអស់...។ ស្រស់ស្រាយរីករាយ ពព្រាយប៉ប្រិមញញឹមញញែម គ្រហឹមគ្រហែមក្លែមពាក្យសម្ដី ប្រុស ស្រីចាស់ក្មេងសើចលេង ស្ដាប់ភ្លៀងចម្រៀង ​ច្រៀងរាំតាមប្រពៃណី ខេមរា ជាតិ សាសនា ព្រះមហាក្សត្រ នៃយើងថ្កុំថ្កើងរុងរឿងអើយ ។
            នៅក្នុងស្នាដៃអក្សរសិល្ប៍ របស់បុព្វបុរសដូនតាយើង មានមិនខ្វះ ក្នុងការប្រើពាក្យកម្រងកែវនេះ ដូចជារឿងរាមកេរ រឿង សព្វសិទ្ធ ជាដើម និងសូម្បីតែការប្រែពីភាសាបាលីមកជាខ្មែរ ក្នុងគម្ពីររឿងព្រះវេសន្ដរជាតក ក៏សុទ្ធតែមានប្រើពាក្យ «កម្រងកែវ» នេះដែរ។           

ធាតុសំខាន់ៗ ទាំង ៣ របស់កំណាព្យ

             ១​ ព្យាង្គៈ សំឡេងមួយម៉ាត់ៗ នៅក្នុងកំណាព្យ
            - ឃ្លាៈ ព្យាង្គច្រើនរួមគ្នាបានជាឃ្លា
             - ល្បះឬល្បះខ័ណ្ឌៈ ឃ្លាច្រើនរួមគ្នា ដោយមានខ័ណ្ឌ


                    ហៅថា ល្បះឬល្បះខ័ណ្ឌ។




អំពី ព្យាង្គ និង ពាក្យ

          ព្យាង្គៈ  គឺសំឡេងចេញមកម្ដង ទោះបីមាន ឬមិនមានន័យក្ដី
            ឧទាហរណ៍ៈ កា កិ អូន បង ឱ ឬ គេ ឯង ។ល។          ពាក្យៈ  គឺសំឡេងចេញមកម្ដង ឬច្រើនដងក្ដី មានន័យគ្រប់      
                      គ្រាន់ ។
            ឧទាហរណ៍ៈ
                   ពាក្យ ១ ព្យាង្គៈ ក, ត, ស្នេហ៍ ដេក,ចេញ ជាដើម...
                   - ពាក្យ ២ ព្យាង្គៈ ដំណើរចង្រៃសុបិនស្រលាញ់
​            ​                               ស្រពោន ពិសី ជាដើម...
                   - ពាក្យ ៣ ព្យាង្គៈ ឥទ្ធិពលវិនិច្ឆ័យ, តិរច្ឆាន, កន្និដ្ឋា
                                             អន្តរជាតិ...ជាដើម
                   - ពាក្យ ៤ ព្យាង្គៈ ស្រមើស្រមៃស្រពិចស្រពិល, រលីង
                                             រលោង....ជាដើម។

            នៅក្នុងកំណាព្យគេ​ចែកពាក្យចេញជាពីរបែបគឺៈ ពាក្យពេចន៍ ​​​​                  
និង​ ពាក្យសម្ផស្ស​ 
            ១ - ពាក្យពេចន៍ៈ  សម្រាប់រំលេចន័យខ្លឹមសាររបស់អត្ថបទកំណាព្យ ឱ្យលេចធ្លោឡើង មានសោភ័ណខ្ពស់ ពោលគឺបង្កើតរូបារម្មណ៍ និងបំផុសឱ្យដឹងច្បាស់ពីគំនិតរបស់អត្ថបទ ចង់និយាយបែប  ណាៗ នោះ។
           -​ ពាក្យសម្ផស្សៈ ជាគន្លឹះចួន (ចំណាប់ចុងចួន) ដែលធ្វើឱ្យ រូបភាព ឬទម្រង់នៃអត្ថបទកំណាព្យមានសម្រស់ល្អឡើង ប្រកបដោយ លក្ខណៈចួន ផ្ទួន រណ្ដំ (បន្ថែមលើចួនរបស់ក្បួនកាព្យ ដែលមានស្រាប់)
            ពាក្យសម្ផស្សចែកចេញជាពីរគឺៈ ពាក្យសម្ផស្សក្នុង និង ពាក្យសម្ផស្សក្រៅ
             - ពាក្យសម្ផស្សក្នុងៈ សម្គាល់លើចំណាប់ចុងចួនផ្ទួនរណ្ដំ ដែលស្ថិតក្នុងឃ្លាជាមួយគ្នា ឧទាហរណ៍ៈ ថ្ងៃរះភ្លឺច្បាស់ស្រឡះមេឃា, អាល័យអាឡោះស្រណោះស្រណោក..... (ច្បាស់ ចួន ស្រឡះ, អា ផ្ទួន អា, ល័យ រណ្ដំ ឡោះ, ណោះ រណ្ដំ ណោក...) ។
           - ពាក្យសម្ផស្សក្រៅៈ  សម្គាល់ចំណាប់ចុងចួន ផ្ទួន រណ្ដំឆ្លងពីឃ្លាមួយទៅឃ្លាមួយ ពីល្បះមួយទៅល្បះមួយទៀត ។ឧទាហរណ៍ៈ
ធ្មេចភ្នែករ(ឭក)(នឹក)((អា))(((ល័យ)))
((អា))(((ឡោះ)))ស្រីថ្លៃធ្លាប់កៀក((កិត))
គេង((កើយ))បី(បម)(ថ្នម)មាស(((ស្និទ្ធ)))
ម្ចាស់(((ស្នេហ៍)))យល់(ចិត្ត)(ដ្បិត)គូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​(((គាប់)))។

នេះ(((គឺ)))និស្ស័យពី(((ជាតិ)))(((មុន)))
(((ជា)))(((មិត្ត)))រែកពុនផលបុណ្យភ័ព្វ
បន្តជាតិមុខទុក((ជា))(((ទ្រព្យ)))
((ជា))(((ទ្រើង))តោងជាប់ជាកុសល។

*** ឬមួយបែបទៀត៖
អាល័យអាឡោះស្រណោះស្រណោក
ស្រណោះកំប្លោកជ្រកក្រោមកំភ្លឹង
កំភ្លាញហក់ភ្លែតស្ទុះស្ទាចូលស្ទឹង
អ្នកស្ទួចស្ទុះវឹងធ្លាក់ស្ទឹងស្រុកស្ទោង។
   
ចំណាប់ចុងចួន

            ចំណុចជាចម្បងជាងគេ ដែលសម្គាល់ថាជាកំណាព្យគឺ  «ការចាប់ចុងចួន» (ចួនព្យាង្គ ឃ្លា និងល្បះ) ។ ចួននេះ តម្រូវប្រើសូរសៀង សំនៀងសូរសព្ទ មានសូរសំឡេងដូចគ្នា ប្រសិនបើពុំដូច្នោះទេ ទោះបីអត្ថបទមានអត្ថន័យ អត្ថរស ពីរោះក្បោះក្បាយបែបណា ក៏មិនពេញលក្ខណៈជាកំណាព្យឡើយ។ ពោលគឺបើសំនៀងនោះចេញពីព្យញ្ជនៈ​​ អឃោសៈខ្យល់គ្រលរសម្លេង « អ៊ » ត្រូវតែចួនអឃោសៈដែរ។
            ដូចជាៈ - ជិត ងងឹត ពិត លិទ្ធ រឹត
                        - រងំ ជុំ ធំ នំ ពុំ បទុម គុម្ព,
                        - ជា ងារ មារ រា លា ទា គ្នា ជាដើម ។
            បើសំនៀងចេញពីព្យញ្ជនៈ ឃោសៈ សំឡេងស្រួយតូចខ្យល់  « អ » ត្រូវចួនគ្នានឹង ឃោសៈ ដែរ ។  
            ដូចជាៈ - បង ផង ចង ក្រង ស្នេហ៍ស្នង
                        - កើយ ស្បើយ ឡើយ  ហើយ ត្រើយ ចម្លើយ,
                        - ស្និទ្ធ ហិត ចិត្ត ចំណិត ជាដើម ,
            មិនអាចយកសំឡេង អឃោសៈ ទៅចួននឹង សំឡេងឃោសៈ បានទេ។ ឧទាៈ គិត-ចិត្ត, មិត្ត-ស្និទ្ធ, មាន-បាន, បែក-ព្រែក, អូន-ស្ងួន, ឯង-ពែង, ដឹង-ពឹង ។ល។ និង។ល។ បែបនេះឡើយ ។
            ប៉ុន្តែ តាមការសង្កេតជាក់ស្ដែង បើព្យាង្គ ឬពាក្យណាដែលប្រើស្រះ (ួ) ស្រះ (ឿ) ស្រះ (ៀ) នោះព្យញ្ជនៈ អឃោសៈ និងឃោសៈ អាចឱ្យចួនគ្នា ព្រោះមានសំឡេងដូចគ្នា។ ឧទាហរណ៍ៈ
                        - គួរ សួរ កួរ សំណួរ ពួរ ស្នួ សួ យួរ ។ល។
                        - ពួន រុកកួន ចួន អង្រួន ខ្លួន ជួន ប្រឈួន ។ល។
                        - គ្រឿង សឿង លឿង ប្រឿង កឿង មឿង ។ល។
                        - សៀត ទៀត បៀត ម្សៀត សំពៀត ។ល។
          ឬអាចឆ្លងគ្នារវាងអឃោសៈ ស្រះ (ា) អាចចួនគ្នានឹងឃោសៈ ស្រះ(ៀ) ក៏បាន។
          ដូចជាៈ   - វាង ទៀង  រាង សៀង ពាង លាង ។ល។
                        - ជាតិ បៀត ឃ្លាត ទៀត ចង្អៀត ជាដើម។ល។


            * កន្លងមក មានមតិលើកឡើងថា ព្យញ្ជនៈ អឃោសៈ ដាក់ស្រះ «ា» ​មិនចួនគ្នានឹងស្រះ «ៀ» ឡើយដោយ សម្អាងលើ «សូរវិទ្យា»។ ឧទាៈ ជា និង ពៀរ, វាង និង ភ្លៀង, ទៀត និង ឃ្លាត ។ល។និង។ល។ បុព្វបុរស និងលោកសាស្ត្រាចារ្យទាងឡាយ ពីជំនាន់ដើម និងបច្ចុប្បន្ន គឺបានកំណត់សម្គាល់មកថា វាអាចឱ្យចួន គ្នាបាន ថ្វីត្បិតតែ (សូរវិទ្យា) ថាមិនដូចគ្នា ព្រោះថា ការអានជាភាសាកំណាព្យ សំនៀងដែលដូចគ្នាបេះបិទបែបនេះ «ជា-ពៀរ»  (ខុសសូរតិចបផុត) ស្ដាប់ទៅគឺអាចរាប់ថា ចួនគ្នាបាន លើកលែងតែយកពាក្យទាំងពីរនេះ មកអាន    មួយៗ ឱ្យច្បាស់ៗ សារចុះសារឡើង ទើបអាចកំណត់ថា វាមានសូរខុសគ្នាបែបណា។ 

រង្វាស់ពាក្យ ឬមាត្រាកាព្យ,

ចង្វាក់ និង ការសង្កត់សំឡេង

            រង្វាស់កាព្យ ឬមាត្រាកាព្យ គឺចំនួនព្យាង្គជាកំណត់ក្នុងឃ្លានី​មួយ​ៗ និងចំនួនឃ្លាជាកំណត់ក្នុងល្បះនីមួយៗ។ វាអាស្រ័យចំណាប់ចុងចួនខុសគ្នា កំណត់ព្យាង្គ និងឃ្លាក្នុងល្បះខុសៗគ្នានេះហើយ ដែលនាំឱ្យរូបភាព « ទម្រង់ » កំណាព្យទាំងឡាយខុសគ្នានិងមានឈ្មោះ ក៏ប្លែកៗគ្នាដែរ។ ឧទាហរណ៍ៈ    
            បទមេបួន  មួយល្បះមាន ៤ ឃ្លាមួយឃ្លាមាន ៤ ព្យាង្គ៖


           

            បទកាកគតិ  មួយល្បះមាន ៧ ឃ្លាមួយឃ្លាមាន ៤ ព្យាង្គ៖


បទពាក្យ ៧  មួយល្បះមាន ៤ ឃ្លាមួយឃ្លាមាន ៧ ព្យាង្គ៖
 


            ចង្វាក់ និង ការសង្កត់សំឡេង នៅក្នុងកំណាព្យ គឺសំដៅដល់ការលើក ឬដាក់សំឡេង ដែល​មានលក្ខណៈខុសៗ គ្នាទៅតាមបទ​   កំ​ណាព្យនីមួយៗ ។ វាសម្រួលដល់ការសរសេរ ការអាន ការពោល ឬការសូត្រ ធ្វើឱ្យ​កំណាព្យកាន់តែមានលក្ខណៈពីរោះរណ្ដំជាតន្ត្រី។
            ឧទាហរណ៍ៈ  ពាក្យ ៧ ត្រូវសង្កត់សំឡេងលើ ២ និង ៤៖
                            - ក្បូរក្បាច់ ចម្លាក់ ប្រាង្គប្រាសាទ
                               វិសេស ស្អាងស្អាត ល្អអស្ចារ្យ
                               បុព្វ បុរស ជាតិខេមរា
                               ដូនតា បានសាង តំណាងទុក ។ល។
                               បទពាក្យ ៨ ត្រូវសង្កត់សំឡេងលើ៣ និង ៥៖
                             - ទឹកជំនន់ ជន់លិច រលួយស្រូវ
                               ក្នុងរដូវ បង្ក បង្កើនផល..........។
                             បទពាក្យ ៨ (បន្ទាប់) ត្រូវសង្កត់សំឡេងលើ ៤  និង ៨៖
                             - នៅតាមមាត់ស្ទឹង ឮជ្រឹងវាយំ
                               នាដងព្រៃភ្នំ រៃយំក្រលួច...... ។

            កត់ចំណាំៈ ក្នុងអត្ថបទកំណាព្យមួយចំនួន នៅក្នុងសៀវភៅ នេះ សរសេរដកឃ្លា «ក្នុងឃ្លា» គឺចង់បង្ហាញអ្នកអាន ងាយយល់ ដឹង អំពីទីតាំងសង្កត់សំឡេង, មានភាពងាយស្រួលក្នុងការអាន និងការរៀនសរសេរកំណាព្យ។ ប៉ុន្តែ ចូរចងចាំថា ពេលដែលសរសេរកំណាព្យយក ជាផ្លូវការ មិនត្រូវសរសេរដកឃ្លា «ក្នុងឃ្លា» បែបនេះនោះទេ វាខុសទៅនឹងក្បួនខ្នាត ព្រោះពាក្យថាមួយឃ្លា គឺមិនមានដកឃ្លាទេ។

            ឧទាៈ    ក្បូរក្បាច់ ចម្លាក់ ប្រាង្គប្រាសាទ
                        វិសេស ស្អាងស្អាត ល្អអស្ចារ្យ
                        បុព្វ បុរស ជាតិខេមរា
                        ដូនតា បានសាង តំណាងទុក ។
            ត្រូវសរសេរកុំដកឃ្លាបែបខាងក្រោមៈ
                        ក្បូរក្បាច់ចម្លាក់ប្រាង្គប្រាសាទ
                        វិសេសស្អាងស្អាតល្អអស្ចារ្យ
                        បុព្វបុរសជាតិខេមរា


                        ដូនតាបានសាងតំណាងទុក ។

ការកត់សម្គាល់

            បើយោងតាមការបញ្ជាក់របស់លោកគ្រូសាស្ត្រាចារ្យ  ពេជ្រ ទុំក្រវិល លោកមានចំណាប់អារម្មណ៍ ៣ ចំណុចនៅលើកំណាព្យ របស់ខ្មែរយើង៖
             - បទពាក្យ ៦, , , , ១០, ១១ និង១២ នេះគ្រាន់តែ ជាឈ្មោះកំណាព្យ ដែលចាស់បុរាណយើងបាននិយមប្រើ ដែលតាម ការពិតនោះ « ពាក្យ » នេះ មិនមែនសម្គាល់ចំនួនពាក្យនៅក្នុងឃ្លាទេ  ផ្ទុយទៅវិញ គឺវាសម្គាល់ចំនួនព្យាង្គនៅក្នុងឃ្លានីមួយៗ ពោលគឺៈ បទពាក្យ ៦ មាន៦ព្យាង្គពាក្យ ៧,,,១០,១១... ក៏មានព្យាង្គទៅតាមនោះផងដែរ ។
          - តាមធម្មតាបើគេនិពន្ធអត្ថបទកំណាព្យមួយ ទោះបីជាមាន ប៉ុន្មាន​​​ល្បះក៏ដោយ គេត្រូវរក្សាចំណាប់ចុងចួន (ចួនឆ្លងល្បះ) តាំងពី ល្បះទី១ រហូតដល់ល្បះបញ្ចប់ មិនត្រូវឱ្យដាច់ចុងចួននៅដំណាក់នៅ កណ្ដាលណាមួយឡើយ។
           - ក្រោយពីការសិក្សារបៀបសូត្រកំណាព្យខ្មែរ យើងឃើញ ថា បទកំណាព្យនីមួយៗ មិនមែនសម្រាប់តែបម្រើមនោសញ្ចេតនាមួយ  មុខប៉ុណ្ណោះទេ ផ្ទុយទៅវិញ បទទាំងនោះអាចបម្រើបានស្ទើរតែគ្រប់មនោសញ្ចេតនារបស់មនុស្ស ដូចជារំភើបសប្បាយ កំសត់ ពិ​ពណ៌​នា ការនិរាសព្រាត់ប្រាស់ កំហឹង ទូន្មានប្រៀនប្រដៅ​ សង្វេគ អវិជ្ជា។ល។​​និង។ល។
            ជាការជាក់ស្ដែង គ្រាន់តែបទកាកគតិមួយ គេអាចសូត្របានច្រើន​បែបគឺ៖
            សូត្របែបកូនក្មេង
            សូត្របែបចាស់
            សូត្របែបក្អែកលោត
            សូត្របែបក្អែកបូល
            សូត្របែបពិពណ៌នា
            សូត្របែបទំនួញ
            សូត្របែបពិលាប
            សូត្របែបកាកកាត់ត្រើយ


            សូត្របែបត្រៃលក្ខណ៍ជាដើម អាស្រ័យលើខ្លឹមសារ និង        មនោសញ្ចេតនានៃអត្ថបទកំណាព្យ ។



       កំណាព្យខ្មែរ មានមកតាំងពីសម័យកាលកកើតទឹកដី​នៃនគរ​គោកធ្លកមកម៉្លេះ ស្របាលគ្នានឹងភ្លេងអារក្ស​ដែរ ។ ក្រុមអ្នកស្រាវ​ជ្រាវ បានធ្វើការសន្និដ្ឋានថា វាមានដើមកំណើតតាំងពី ៣០៩ឆ្នាំ មុនគ្រឹស្ដសករាជ ។
            មួយវិញទៀត បើផ្អែកទៅលើទំនុកច្រៀង បទភ្លេងនៃវង់ភ្លេងប្រពៃ​ណី (ភ្លេងការ) ដែលក្រុមអ្នកស្រាវជ្រាវយល់ថា កើតឡើងនៅសតវត្សទី ១ នៃគ្រឹស្តសករាជ គឺក្នុងពេលដែលរៀបអាពាហ៍ពិពាហ៍ ព្រះ​ថោង ​នាងនាគ (​ហ៊ុន​ ទៀន និងនាង លីវ យី ឬព្រះនាងសោមា កូនព្រះចន្ទ្រ) មានបទភ្លេងមួយចំនួន ទាក់ទងនឹងប្រវត្តិសាស្ត្រ ដូច​​ជាបទ ព្រះថោងនាងនាគ, នាគព័ន្ធជាដើម ។ល។និង។ល។ បញ្ជាក់ថា កំណាព្យខ្មែរមានរួចទៅហើយ ហើយកំណាព្យដែលកើតមានមុនគេគឺ បទមេបួន ក្នុងមួយល្បះមាន ៤ ឃ្លា និងក្នុងមួយឃ្លាមាន ៤ ព្យាង្គស្មើៗគ្នា។ យើងកត់សម្គាល់នៅលើទំនុកបទភ្លេងប្រពៃណីខ្មែរមានបទព្រះ​ថោងនាងនាគ, នាគព័ន្ធ និងបទដទៃយ៉ាងច្រើនលើសលប់ ទាំងប្រពៃណីដើម, ប្រពៃណីកណ្ដាល...  សុទ្ធសឹងតែសរសេរចេញអំពីកាព្យបទមេបួន ។
            នៅទីនេះ សូមលើកយកទំនុកច្រៀង បទភ្លេងប្រពៃណីខ្មែរ (ភ្លេងការ) ពីរបីបទមកបង្ហាញជូនៈ            
                        បទ ព្រះថោងតោងស្បៃ
                   ឱបងព្រះថោង             បងតោងឱ្យមាំ
                        បងលូកដៃស្ដាំ              ចាំអូនរៀបរយ ។ល។
                        អូនឈរពីមុខ               បងឈរពីក្រោយ
                        ចាំអូនរៀបរយ             បងអើយកុំភ័យ ។ល។
                        បទ នាគព័ន្ធ
                   ពពិលទាំងបី                 ពពិលទាំងបី
                        មើលអ្នកសាមី              អង្គុយទាំងគូ ។
                        ពពិលពេជ្រអើយ                     ពពិលពេជ្រអើយ
                        ពពិលវិលហើយ                       គ្រប់ប្រាំបួនជុំ ។ល។
                   បទ ហោមរោង
                        ជង្គង់ខ្ញុំលុត                  ដៃខ្ញុំប្រណម្យ
                        ទេវតាឥន្ទ្រព្រហ្ម                       ទិសទាំងប្រាំបី ។ល។
                        បទ សារ៉ាយអណ្ដែត
                   សារាយអណ្ដែត                       កញ្ឆែតបោះទង
                        កំពីងពួយបង               បោះទងរហង់ ។ល។

            លុះដល់ចុងសតវត្សទី៦ ដើមសម័យចេនឡា ទើបឃើញ​​​មាន ទម្រង់កំណាព្យមួយបទទៀតកើតឡើងឈ្មោះថា បទបថ្យាវត្ត គឺក្នុងមួយល្បះមាន ៤ ឃ្លា និងក្នុងមួយឃ្លាមាន ៨ ព្យាង្គ ប៉ុន្តែការចាប់ចុងចួន មិនដូចគ្នានឹងបទពាក្យ៨ (ទាំងពីរ) ដែលកើតមាននៅសម័យខាង ក្រោយឡើយ។
បទ បថ្យាវត្ត
(កឋិន)
សូរស័ព្ទទ្រហឹងឆាបឈឹងឆៃយ៉ាំ
ស្នូរស្គរចិញ្ច្រាំរេរាំរំពើង
កិន្នរស្លៀកក្បិនកថិនវត្តយើង
ដង្ហែថ្មើរជើងឡើងព្រះវិហារ។
ផលអានិសង្សតម្រង់គ្រប់គ្នា
ទាំងដើមសទ្ធានិងអ្នកក្រាលគ្រង
មានហេតុបញ្ជាក់ទំនាក់ទំនង
ដំណើរដើមទងគន្លងសាសនា។
គម្ពីរកំណត់កត់ពុទ្ធដីកា
នៃព្រះសម្មាតថាគតម្ចាស់
វេលាខាងក្រោយព្រះអង្គទ្រង់ត្រាស់
បានកំណត់ច្បាស់តម្រាស់ទុកនៅ។
         
            នៅក្នុងសម័យអង្គរ ក៏មានកើតឡើង នូវទម្រង់កំណាព្យ ៥ បទថ្មីទៀតគឺ៖
          ១ - បទកាកគតិ
                   * មួយល្បះមាន ៧ ឃ្លា,​ក្នុងមួយឃ្លាមាន ៤ ព្យាង្គ ។
                    - កាកគតិកាព្យ បែបបទកំណាព្យ ដំណើរក្អែកលោត
                        ដើរក្រោមឬលើ មែកឈើគុម្ពោត រលាក់លោតៗ
                                                ផ្ដោតរកចំណី។
          ២ - បទព្រហ្មគីតិ
                   * មួយល្បះមាន ៤ ឃ្លា, ឃ្លា១ និង ៣ មាន ៥
                          ព្យាង្គ, ឃ្លា ២ និង ៤ មាន ៦ ព្យាង្គ។
                   - អង្គារគិតសម្គាល់       វេលារាល់សុខសួស្ដី
                          ជំនឿអរូបិយ              និទានស្ដីថាថ្ងៃរឹង។
                        - ទិវាជាធម្មតា              ទោះថ្ងៃណាកុំរំពឹង
                          ព្រលឹមព្រលប់ឈឹង   គ្មានថ្ងៃរឹងថ្ងៃទន់ទេ។
          ៣ - បទពំនោល
                    * មួយល្បះមាន ៣ ឃ្លា, ឃ្លា ១ និង ៣ មាន ៦ព្យាង្គ
                          ឃ្លា២ មាន ៤ ព្យាង្គ។
                    - ទឹកស្រក់តក់ៗចុះទៅ អាចខួងជម្រៅ
                          ដល់នៅច្រោះដុំសិលា។
                        - សេចក្ដីព្យាយាមឧស្សាហ៍     លែងអីឡើយណា
                          ​​ប្រាថ្នានឹងបានសម្រេច។
          ៤ - បទបន្ទោលកាក
                    * មួយល្បះមាន ៤ ឃ្លា, ឃ្លា ១ និង ៣ មាន ៤                             ព្យាង្គឃ្លា ២ និង ៤ មាន ៦ ព្យាង្គ ។
                   - នេះនឹងថ្លាថ្លែង សម្ដែងរឿងសត្វអណ្ដើក
                          ខំវារខ្វើកៗ ប៉ាក់ប៉ើកទៅការកូនក្អែក។
                        - ស៊ីលើចុងត្នោត គិតផ្ដោតព្រួយចិត្តអនេគ
                          តែគ្មានអ្វីប្លែក ព្រោះក្អែកជាសត្វបក្សា។
          - បទ ភុជង្គលីលា
                   * មួយល្បះមាន ៣ ឃ្លា, ឃ្លា ១ មាន ៦ ព្យាង្គ, ឃ្លា
                          ២ និងឃ្លា ៣ មានន ៤ ព្យាង្គ ។
                   - គ្រោះថ្នាក់បុកបាក់ប៉ះពារ   រៀងរាល់ទិវា
                          ឥតគ្រាស្រាកស្រាន្ត។
                        - ប្រហែសរបេះមិនខាន           បង់ភាពសុខសាន្ត
                          រំខានជីវភាព។

            ទម្រង់កំណាព្យទាំង ៥ ខាងលើនេះ គឺមានប្រើក្នុងរឿង រាមកេរ្តិ៍ ពីខ្សែទី១ ដល់ខ្សែទី ១០ (សម័យអង្គរ) ប៉ុន្តែគេពុំទាន់ឃើញមានដាក់ឈ្មោះជាបទអ្វីនៅឡើយទេ ។ រហូតមកដល់សតវត្សទី ១៥ (ឆ្នាំ១៤៩៨) ក្នុងល្បើកអង្គរវត្ត «អ្នក ប៉ាង» ទើបប្រាកដឈ្មោះកំណាព្យខាងលើនោះថាជាបទ កាកគតិ ព្រហ្មគីតិ ពំនោល បន្ទោលកាក និងបទភុជង្គលីលា  នេះឡើង ។
            រឿងរាមកេរ្តិ៍ពីខ្សែ ៧៥ ដល់ ៨០ ជាស្នាដៃបន្ត ហើយ​ដែលអ្នកសិក្សារស្រាវជ្រាវអក្សរសាស្ត្រជាតិយល់ថា ជាស្នាដៃកើតក្រោយសម័យ​អង្គរ ឬក៏ក្រោយពេលជ្រួលច្របល់ ចលា​ចល​ព្រោះសៀមចូល  ​លុកលុយក្រុងអង្គរនោះ ឃើញមានបទកំណាព្យថ្មីមួយទៀត គឺបទពាក្យ ៦ បានកើតមានឡើងមកដែរ ។
          បទពាក្យ ៦
                   * មួយល្បះមាន ៤ ឃ្លា, ក្នុងមួយឃ្លាមាន ៦ ព្យាង្គ។
                        - ព្រះសូរ្យទន់ទាបរៀបលិច   ធ្មឹងធ្មេចគេចពីផែនដី
                          លាក់ខ្លួនពួនពេលរាត្រី       នាំមកនូវក្ដីអន្ធការ ។
                        - ចន្ទ្រាវេលាខាងខ្នើត           រះអើតចោលរស្មីថ្លា
                          ហែរហមដោយហ្វូងតារា     យាត្រាត្រចះត្រចង់។

            ក្នុងសម័យចតុម្មុខ ជាវេលាដែលមានការផ្លាស់ប្ដូររាជធានីពីអង្គរ មកតាំងនៅស្រីសន្ធរ រួចហើយមកភ្នំពេញ និងផ្លាស់ប្ដូរទីក្រុង​ចុះឡើងៗ ពីភ្នំពេញទៅលង្វែក, ឧត្តុង្គ, និងកន្លែងឯទៀតៗ រហូតដល់សម័យកាល ព្រះនរោត្តម ផ្លាស់ទីក្រុងពីឧត្តុង្គមកនៅភ្នំពេញ ដល់សព្វថ្ងៃនេះ ក៏ឃើញថា មានកំណាព្យជាច្រើនបទទៀតបានកើតឡើង ក្នុង នោះមានដូចជាៈ
            បទពាក្យ ៧
          * មួយល្បះមាន ៤ ឃ្លា, ក្នុងមួយឃ្លាមាន ៧ ព្យាង្គ
            - ធម៌បទខ្លងខែកជ្រែកអាកាស  ដូចដាស់អារម្មណ៍កុំឲ្យភ្លេច
              សេចក្ដីមរណាសង្ខារលិច     តែងមានជានិច្ចគេចមិនបាន។
          បទពាក្យ ៧
          * មួយល្បះមាន ៤ ឃ្លា, ក្នុងមួយឃ្លាមាន ៨ ព្យាង្គ        
                        - ចំណេះដឹងមិនអាចរៀនចប់អស់
                        គង់នៅខ្វះចន្លោះសព្វកន្លែង
                        មួយជីវិតទោះប្រឹងរៀនជាក់ស្ដែង
                        ខំស្វះស្វែងយ៉ាងណាគង់សេសសល់។
          បទពាក្យ ៩
                    * មួយល្បះមាន ៤ ឃ្លា, ក្នុងមួយឃ្លាមាន ៩ ព្យាង្គ
                        - ក្បាច់ចម្លាក់ ដាប់គូរឆ្លាក់ យ៉ាងប្រណីត
                          ល្អវិចិត្រ ជាស្នាដៃ មហស្ចារ្យ
                          ពូជពង្សខ្មែរ រក្សាថែ តដូនតា
                          គ្មានសាសន៍ណា មានដំណែល ល្អដូច្នេះ។
          បទពាក្យ ១០
                    * មួយល្បះមាន ៤ ឃ្លា, ក្នុងមួយឃ្លាមាន ១០ ព្យាង្គ
                        - ប្រាង្គប្រាសាទ ស្អាងស្អាត ស្ថិតលើ ដងគីរី
                          ល្អអស្ចារ្យ គ្មានពីរ ប្រាសាទ ព្រះវិហារ
                          ប្រាង្គតាគ្រាម តាមាន់ ខ្យាងខ្នារ ប្រជុំគ្នា
                          តាក្របី នានា ស្នាដៃ ខ្មែរដូនតា។
          បទពាក្យ ១១
                    * មួយល្បះមាន ៤ ឃ្លា, ក្នុងមួយឃ្លាមាន ១១ ព្យាង្គ
                        - ចុងខែចេត្រ ខិតចូល ដល់ពិសាខ ខែវស្សា
                          ផ្ដើមកិច្ចការ ធ្វើស្រែ ជារបរ តរដូវ
                          ត្រៀមភ្ជួររាស់ សាបព្រោះ ការដុះដាំ ដំណាំស្រូវ
                          ច្បាស់មានផ្លូវ បើភ្លៀង ធ្លាក់ទៀងទាត់ ពីដើមឆ្នាំ។

            នៅមានការបំភ្លៃបទរាប់សិបបន្ថែមទៀត (បែបបង្កើតថ្មី) បំ​បែក ​​ចេញពីបទដែលមានមកហើយ (ដូចមានរៀបរាប់ខាងលើមកហើយ) ដោយការប្រើសម្ផស្ស ចួន ផ្ទួន រណ្ដំ (ក្នុងក្រៅ) ធ្វើឱ្យអ្នកអាន អ្នកសិក្សា កាន់តែមានចំណាប់អារម្មណ៍ ។ មេកាព្យបែបបង្កើតថ្មីទាំងនោះ មានបទខ្លះត្រូវ បានគេបំបែកច្នៃចេញជាច្រើនបែបបទក៏មាន ដោយប្រើឈ្មោះមេកាព្យតែមួយដដែល ឧទាៈ កង្កែបលោត..., ត្រីពិធពន្ធ.., និងបទឯទៀត ហើយការបំភ្លៃបង្កើតបែបថ្មីនេះ រហូតមកដល់បច្ចុប្បន្ន ក៏នៅតែមានហើយ កាន់តែផុលផុសទៀតផង (ក្នុងសៀវភៅនេះ អ្នកនិពន្ធក៏មានបញ្ចូលនូវ មេកាព្យបែបបង្កើតថ្មីផងដែរ)

            សៀវភៅមេកាព្យ របស់លោកគ្រូសាស្រ្តាចារ្យ​ អៀង សាយ បានបែងចែកមេកាព្យជាពីរផ្នែក, មួយផ្នែកជាមេកាព្យដែលលោក​ចាត់​​ថា មានបែបបទត្រឹមត្រូវ, មួយផ្នែកទៀត ជាមេកាព្យដែលមិនមាន​លក្ខណៈមិនល្អគ្រប់គ្រាន់ និងលំនាំស្រដៀងៗគ្នា។ មេកាព្យផ្នែក​ទី១ មាន ៣២ មេបទៈ បទ កាកគតិ, បទ ព្រហ្មគីតិ, បទ ពំនោល, បទ បន្ទោលកាក  បទ ភុជង្គលីលា, បទ ពាក្យ៧, បទ ពាក្យ៨, បទ ពាក្យ៩, បទ ពាក្យ១០, បទ ពាក្យ១១, បទ នមោ, បទ ក.ខ, បទ គោព័ទ្ធស្នឹង,​បទ នាគកៀវក្រវាត់, បទ ​អក្សរសង្វាស, បទ អក្សរលូន, បទ ​ថយក្រោយចូលព្រែក,.បទ នាគបរិព័ទ្ធ, បទ​ ត្រីពិធព័ន្ធ, បទ នាគរាជប្លែងរិទ្ធ, បទ ផ្កាឈូករីក, បទ ក្របចក្រវាឡ, បទ ​រលកផ្ទប់ច្រាំង, បទ សារថីទាញរថ, បទ សឹង្ហតោលេងកន្ទុយ, បទ ត្រឡាចឡើងទ្រើង, បទ ឆ័ត្របីជាន់, បទ ជាប់ទង, បទ ម្ករខ្ជាក់កែវ, បទ កង្កែបលោតកណ្តាល​ស្រះ, បទ កង្កែបលោតស្លាក់ពេជ្រ, បទ កង្កែមលោតលើគោក។
            ឯផ្នែកទីពីរមាន ១៤ មេបទៈ បទ សបាត់សប៉ឹង, បទ ពស់លេបកន្ទុយ, បទ សឡាបលូន, បទ ព្រះចន្ទ្របាំង​ឆ័ត្រ, បទ វង្សវិចិត្រ, បទ កង្កែបលោតផ្ទាត់ខ្ចៅ, បទ យត្តិភ័ង្គ, បទ រមាំងដើរព្រៃ, បទ សហរា, បទ សត្វកាងស្លាប, បទ វិវិធមាលី, បទ សោទិនវិសាល, បទ សុក្រទិន​វិសាល។
            សរុបទាំងពីផ្នែកនៃមេកាព្យនៅក្នុងសៀវភៅ របស់លោកសា ស្រ្តាចារ្យ អៀង សាយ មានចំនួន ៤៦ បទ។

សម័យកាលនៃកំណាព្យខ្មែរ

            នៅក្នុងការសង្ខេបសេចក្ដីរបស់លោកគ្រូសាស្ត្រាចារ្យ ពេជ្រ ទុំក្រវិល នៅក្នុងសៀវភៅ «សិល្បៈតែងកំណាព្យ» បានបញ្ជាក់អំពីការ វិវឌ្ឍន៍ និងសម័យកាលកើតឡើងនៃមេកាព្យបទនីមួយៗ ដូចខាងក្រោមនេះ ។
            - មុនគេៈ                    បទមេបួន
            - សម័យមុនអង្គរៈ    បទបថ្យាវត្ត

            - សម័យអង្គរៈ            ទកាកគតិ
                                                បទព្រហ្មគីតិ
                                                បទពំនោល
                                                បទបន្ទោលកាក
                                                បទភុជង្គលីលា
            - សម័យក្រោយអង្គរៈ            បទពាក្យ ៦
          - សម័យចតុម្មុខៈ                បទ កាកគតិ, បទ ព្រហ្មគីតិ, បទ ពំនោល, បទ បន្ទោលកាក  បទ ភុជង្គលីលា, បទ ពាក្យ៧, បទ ពាក្យ៨, បទ ពាក្យ៩, បទ ពាក្យ១០, បទ ពាក្យ១១, បទ នមោ, បទ ក.ខ, បទ គោព័ទ្ធស្នឹង,​បទ នាគកៀវក្រវាត់, បទ ​អក្សរសង្វាស, បទ អក្សរលូន, បទ ​ថយក្រោយចូលព្រែក,.បទ នាគបរិព័ទ្ធ, បទ​ ត្រីពិធព័ន្ធ, បទ នាគរាជប្លែងរិទ្ធ, បទ ផ្កាឈូករីក, បទ ក្របចក្រវាឡ, បទ ​រលកផ្ទប់ច្រាំង, បទ សារថីទាញរថ, បទ សឹង្ហតោលេងកន្ទុយ, បទ ត្រឡាចឡើងទ្រើង, បទ ឆ័ត្របីជាន់, បទ ជាប់ទង, បទ ម្ករខ្ជាក់កែវ, បទ កង្កែបលោតកណ្តាល​ស្រះ, បទ កង្កែបលោតស្លាក់ពេជ្រ, បទ កង្កែមលោតលើគោក, បទ សបាត់សប៉ឹង, បទ ពស់លេបកន្ទុយ, បទ សឡាបលូន, បទ ព្រះចន្ទ្របាំង​ឆ័ត្រ, បទ វង្សវិចិត្រ, បទ កង្កែបលោតផ្ទាត់ខ្ចៅ, បទ យត្តិភ័ង្គ, បទ រមាំងដើរព្រៃ, បទ សហរា, បទ សត្វកាងស្លាប, បទ វិវិធមាលី, បទ សោទិនវិសាល, បទ សុក្រទិន​វិសាលបទ រមាំងបើកបាសបទ ទន្សាយទីសទាស,បទ មាន់ទឹកបណ្ដើរកូន ......



            កត់សម្គាល់ៈ នៅក្នុងសៀវភៅមេកាព្យរបស់លោកសាស្ត្រា ចារ្យ អៀង សាយ មិនឃើញមានបទ បថ្យាវត្ត និងបទ ឥន្ទ្រជិតឡើយ ឯសៀវភៅ «សិល្បៈតែងកំណាព្យ» របស់សាស្ត្រាចារ្យ ពេជ្រ ទុំក្រវិល ក៏ពុំឃើញមានបទ ឥន្ទ្រជិត ដែរ ។ ចំណែកឯបទ រមាំងបើកបាស, ទន្សាយ​ទីសទាស និងមាន់ទឹកបណ្ដើរកូន ពុំឃើញឃើញមានក្បួនសរសេរនោះទេ ។   

សញ្ញាប្រើក្នុងគំនូសតាងមេកាព្យ

              ដើម្បីមានភាពងាយស្រួល សម្រួលដល់អ្នកសិក្សា ក្នុងការពិ​និ​ត្យឱ្យកាន់តែជាក់លាក់ អំពីការ​​ចាប់ចុងចួនរបស់កំណាព្យ ខ្ញុំបានប្រើ (ច្នៃប្រឌិត) រូបរង្វង់មូល និងមានលេខសម្គាល់នៅខាងក្នុង តំណាងឱ្យចំនួនព្យាង្គដែលមាននៅក្នុងឃ្លានីមួយៗ ។ រីឯសញ្ញា ចួន, ផ្ទួន, រណ្ដំ គឺយកគម្រូតាមសញ្ញាដែលមានប្រើប្រាស់ក្នុងសៀវភៅ «សិល្បៈតែងកំណាព្យ» របស់លោកគ្រូសាស្ត្រាចារ្យ ពេជ្រ ទុំក្រវិល ព្រោះថាសញ្ញានេះ មានការប្រើប្រាស់ជាទូទៅ (ក្នុងប្លក់មេកាព្យរបស់ខ្ញុំក៏ប្រើសញ្ញា នេះដែរ) ហើយមានអ្នកសិក្សាកំណាព្យជំនាន់ថ្មីជាច្រើននាក់ ពិសេសក្នុងបណ្ដាញ​សង្គមហ្វេសប៊ុក បានស្គាល់យល់ដឹងអំពីសញ្ញាទាំងអស់ ​នេះផងដែរ ។

 ​សញ្ញា «ព្យាង្គ»






 - សញ្ញាទាំង ៣ «ចួន, ផ្ទួន, រណ្ដំ»


                         - ចួនៈ គឺស្រះប្រកបដូចគ្នា៖ ចិត្ត ហិត ស្និទ្ធ ដ្បិត

                       ២ - ផ្ទួនៈ គឺព្យញ្ជនៈ+ស្រះប្រកបដូចគ្នា (ព្យាង្គដដែល)៖ កាយ-កាយបង-                                                         បងអូន-អូន, ស្នេហ៍-ស្នេហ៍, ចិត្ត-ចិត្ត...

      ​​​​​​​​​​​​​​​​                   - រណ្ដំ គឺព្យញ្ជនៈដូចគ្នា៖ កល កិច្ច កម្ម កាល កុំ កាច កួច កាន់ កាប់ កង់ កៀរ                                                      កើយ...



                        ឧទាហរណ៍ ១ល្បះ បទ កង្កែបលោតផ្ទាត់ខ្ចៅៈ    
                        កួចគិតស្នេហ៍ កែគិតស្និទ្ធ ត្បិតរៀមបង
            ចិត្តបំណង ចងបំណាច់ ស្រេចសង្សារ
            បងបីថ្នម បមបីថ្នាក់ ដាក់ឱរ៉ា
            ចួបស្នេហា ចារស្នេហ៍ហើយ ខ្នើយសុខុម។


          បានន័យថាៈ
                        - ព្យាង្គ ១ រណ្ដំព្យាង្គ ៤
                        ព្យាង្គ ២ ផ្ទួនព្យាង្គ ៥
                        ព្យាង្គ ៣ ចួនព្យាង្គ ៤
                        ព្យាង្គ ៣ រណ្ដំព្យាង្គ ៦
                         - ព្យាង្គ ៦ ចួនព្យាង្គ ៧។ 

 ឯកសារយោងៈ
-  សៀវភៅ «ចង្កោមមេកាព្យ» រ័ត្នន៍ សេនា (បោះពុម្ពលើកទី១)
- សៀវភៅ «សិល្បៈតែងកំណាព្យ សាស្ត្រាចារ្យ   ពេជ្រ ទុំក្រវ៉ិល 



   
   



សូមឧទ្ទិសស្នាដៃ ដែលខ្ញុំបានសិក្សារៀនសូត្រ និងសសេរឲ្យកើតចេញជារូបរាងទាំង
អស់នេះជូនដល់បុព្វបុរសដូនតាខ្មែរ ដែលបានចងក្រង និងបន្សល់ទុកឲ្យកូនចៅជំនាន់
ក្រោយ រហូតដល់​សព្វថ្ងៃនេះ នូវវប្បធម៌ អក្សរសាស្ត្រ និងសិល្បៈកំណាព្យដ៏សម្បូរ
បែប។ សូមវិញ្ញាណក្ខ័ន្ធអស់​លោក​ទាំងនោះ បានចាប់កំណើតទៅកើតក្នុងទីសុគតិភព
កុំឃ្លៀងឃ្លាតឡើយ។

រ័ត្នន៍ សេនា

1 comment:

  1. ខ្ញុំសុំជាសៀវភៅបានឬទេលោកគ្រូ?​

    ReplyDelete