Friday, March 2, 2012

បទ «នមោ​» (១)

ដោយ រ័ត្នន៍ សេនា

ន      នែ! នាងអូនកូនលោកណា         
មោ   មកយាត្រាតែម្នាក់ឯង
ពុ      ពុំបារម្ភញញើតក្រែង             
ទ្ធា    ធនសម្ញែងពេជ្រចិញ្ចៀន។
​​    យល់ថាយើងមាននិស្ស័យ      
សិ     សុំរូបថ្លៃស្រីកុំអៀន
ទ្ធំ      ធានាជូនមិនបំពាន
អ      អង់អាចហ៊ានទោះជិតឆ្ងាយ។
អា    អាចការពារស្រស់នួនល្អង
ឥ     ឥតមានហ្មងទាំងចិត្តកាយ
ឦ    អីបានសុខគ្មានខ្វល់ខ្វាយ
ឧ      ឱ្យឆោមឆាយស្ងប់ចិន្តា។
ឪ      អើបើព្រមកុំស្ងៀមឈឹង        ​​​   
ឫ      ឫកកុំធ្មឹងតបវាចា
ឬ      រៀបរាប់រាយមករៀមរ៉ា            
ឭ      លើកដោះសារការជាក់ស្តែង។
ឮ      លាតលាលាយស្រាយបញ្ជាក់  
 ឯ      អង់ស្ទើរស្ទាក់មិនហ៊ានថ្លែង
ឰ      ឱ្យទ្រូងបងប្រេះចំបែង             
ឱ      អូនសូមថ្លែងចេញសម្ដី។
អុំ      អើបើអូនឆ្លើយថាស្មគ្រ័            
អំ      ឯបថ្នមថ្នាក់កាយពិសី
អាំ    អូនតទៅបងបមបី
អះ    អង្អែលស្រីឱ្យអស់ចិត្ត។



ចំណាំៈ របៀបសង្កត់សំឡេង និងចាប់ចុងចួនគោរពតាមបទពាក្យ ៧ ធម្មតា។
          បន្ថែមតែត្រង់យកស្រះពេញតួ  ន មោ ....មួយចប់យកមកធ្វើជាព្យាង្គ
​​              ដើមឃ្លា គ្រប់ឃ្លាទងាំអស់។    

No comments:

Post a Comment