Friday, March 2, 2012

បទ «សត្វកាងស្លាប»

ខ្យល់ធ្លាក់ ធ្លាក់ខ្យល់ដល់ស្រួលខ្លួន
ផ្ទួនបក់ បក់ផ្ទួនជួនកលភ្លៀង
ជិតស្លុប ស្លុបជិតរឹតមិនទៀង
ធ្លាក់ភ្លៀង ភ្លៀងធ្លាក់ជាក់តែម្តង។

សើមដី ដីសើមផ្សើមដំណាំ
ឆ្នាំខែ ខែឆ្នាំចាំរាល់ដង
ជីរខ្ទឹម ខ្ទឹមជីរផ្ទីល្ពៅផង
ភ្លៀងម្ដង ម្ដងភ្លៀងទៀងលាស់ថ្មី។

សាបស្រូវ ស្រូវសាបក្រាបក្នុងថ្នាល
ក្រាស់ក្រាល ក្រាលក្រាស់ច្បាស់ខៀវខ្ចី
ធំធាត់ ធាត់ធំពុំវែងខ្លី
ល្អដី ដីល្អកគុណភាព។

រាស់ភ្ជួរ ភ្ជួររាស់គាស់ដីស្រែ
ខែដល់ ដល់ខែកែពង្រាប
ខ្ពស់ដី ដីខ្ពស់រាស់ឲ្យទាប
ស្ទាបស្ទង់ ស្ទង់ស្ទាបរាបដុះល្អ៕

ចំណាំៈ របៀបសង្កត់សំឡេង និងចាប់ចុងចួនគោរពតាម

បទពាក្យ ៧ ធម្មតា។ បន្ថែមត្រង់ ព្យាង្គ១ ផ្ទួន ព្យាង្គ៤,
ព្យាង្គ២ ផ្ទួន ព្យាង្គ៣,ព្យាង្គ៤ ចួន ព្យាង្គ៥
នៅគ្រប់ឃ្លាទាំងអស់។



No comments:

Post a Comment