ថ្ងៃអង្គារ ខ្មែរគ្រប់គ្នាតែងរំពឹង
ថ្ងៃអង្គារ ថាថ្ងៃរឹងគ្មានសិរី
ថ្ងៃអង្គារ
បូជាសពឬសង់អ្វី
ថ្ងៃអង្គារ
ហាមប្រុសស្រីមិនឲ្យធ្វើ។
នេះជំនឿ
ដែលខ្មែរជឿតរៀងមក
នេះជំនឿ
តែងនឹកភ្នករាល់ទង្វើ
នេះជំនឿ
ថ្ងៃអង្គារផ្អាកមិនធ្វើ
នេះជំនឿ
តាមអំពើគ្រូអាចារ្យ ។
ថ្ងៃខែឆ្នាំ
ជាចំណាំរដូវកាល
ថ្ងៃខែឆ្នាំ
មានដំណាលពុទ្ធដីកា
ថ្ងៃខែឆ្នាំ
សុទ្ធតែល្អគ្មានកាឡា
ថ្ងៃខែឆ្នាំ
ឥតថ្ងៃណាមួយចង្រៃ។
ចំណាំៈ ចំណាប់ចុងចួនខុសពីបទពាក្យ ៩ ធម្មតាបន្តិចត្រង់ៈ
(ព្យាង្គ ៩ ឃ្លា ១ ចួន ព្យាង្គ ៦ ឃ្លា ២ មិនមែនព្យាង្គ ៣ ទេ)
(ព្យាង្គ ៩ ឃ្លា ៣ ចួន ព្យាង្គ ៦ ឃ្លា ៤ មិនមែនព្យាង្គ ៣ ទេ)
និង យក ៣ព្យាង្គដើមឃ្លា១ មកធ្វើជាពាក្យដើមឃ្លាទាំងអស់
(ឬក្នុងល្បះ)។
ឆ្កែអង្គែ ពុំសូវស្រួលដើរសំកុក
ឆ្កែអង្គែ មិនបានសុខស្កៀបពេញប្រាណ
ឆ្កែអង្គែ អេះជានិច្ចមិនដែលខាន
ឆ្កែអង្គែ ខាំញេញប្រាណឱ្យបានស្កប់។
ទោះពេលឆី ម្ហូបចំណីឆ្អឹងមំសា(១)
ទោះពេលឆី ឆ្ងាញ់យ៉ាងណាក៏មិនស្ងប់
ទោះពេលឆី ឆ្លៀតក្រញីអេះកប់ៗ
ទោះពេលឆី ឆ្អែតស្កល់ស្កប់មិនឈប់អេះ។
រាល់យប់ថ្ងៃ ដេកលើដីមិនខ្ចីគិត
រាល់យប់ថ្ងៃ ញេញខាំលិទ្ធមិនរបេះ
រាល់យប់ថ្ងៃ ឈឺរមាស់សម្បើមម៉្លេះ
រាល់យប់ថ្ងៃ រវល់អេះត្រូវថ្មោងម្ចាស់។
ឱអាពាល ម្តេចកំសត់នាមជាឆ្កែ
ឱអាពាល ជួយមើលថែមិនដែលផ្ដាស់
ឱអាពាល វាស្មោះត្រង់ជាមួយម្ចាស់
ឱអាពាល កំសត់ណាស់ពេលរោគា។
ប៉ុណ្ណឹងហើយ មិនខឹងឡើយទោះគេវាយ
ប៉ុណ្ណឹងហើយ លំបាកងាយមិនរួញរា
ប៉ុណ្ណឹងហើយ សត្វចិញ្ចឹមជួយការពារ
ប៉ុណ្ណឹងហើយ មិនទាមទាររកម្ចាស់ថ្មី...។
No comments:
Post a Comment