Thursday, March 1, 2012

បទ កង្កែបលោតលេងខ្លួន

មេកាព្យបង្កើតថ្មី (រ័ត្នន៍ សេនា)
«បើនិស្ស័យ កុំបែក»

យោលសញ្ជប់យប់សញ្ជឹងធ្មេចធ្មឹងគិត
ពេញគំនិតពិតគំនរទុក្ខគររុំ
កាន់ច្របាច់កាច់ច្របល់ខ្វាយខ្វល់ងំ
ជាជំរំជុំជម្រកពួនជ្រកកម្ម។

រាយជញ្ជាំងរាំងជញ្ជាត់ពង្រាត់ប្រាស
ក្រែលកម្រាស់ក្រាស់កម្រៃរាល់ថ្ងៃឆ្នាំ
សល់សំណោកសោកសំណល់តម្កល់ត្រាំ
កួចចំណាំកម្មចំណោទនៅដោតជាប់។

សុំសំណាងសាងសំណព្វគ្រប់សព្វជាតិ
ខ្លាចរវាតឃ្លាតរវែងប្រែលែងគាប់
ថ្លានិស្ស័យថ្លៃនិស្សិតស្ថេរស្ថិតភ័ព្វ
ជាបន្ទាប់ជាប់បន្ទាត់ក្នុងវដ្ដទៅ។

រស់ជំនួបរួបជំនុំនិត្យជុំប្រាណ
ច្រកសណ្ឋានច្រានសណ្ឋិតកាយចិត្តពៅ
ផ្ដោតសុខុមផ្ដុំសុខិត-ឱ្យស្ថិតនៅ
នឹងជម្រៅនៅជម្រើសពុំល្មើសគ្នា។

-​សុខិតកាល។

ចំណាប់ចុងចួន និងសង្កត់សំឡេង គោរពទៅ
តាមបទពាក្យ ៩។ ប្លែកនៅត្រង់ៈ ១ រណ្ដំ ៤,
២ ផ្ទួន ៥, ៣ រណ្ដំ ៦, ៣ ចួន ៤, ៦ ចួន ៨
នៅគ្រប់ឃ្លាទាំងអស់។ និង ព្យាង្គ ២+៣ = ១ពាក្យ,
ព្យាង្គ ៥+៦ = ១ពាក្យ (ពុំអាចប្រើពីរពាក្យបានទេ)។




No comments:

Post a Comment