Thursday, March 1, 2012

បទ​ «ផ្ការីកក្នុងឧទ្យាន»

មេកាព្យបែបបង្កើតថ្មី
«ផ្ការីកក្នុងឧទ្យាន» (រ័ត្នន៍ សេនា)
ងងឹតអ្វី ពុំស្មើនឹង អវិជ្ជា
កាយរងា ពុំស្មើនឹង កំព្រាញាតិ
ចង្អៀតផ្ទះ ពុំស្មើនឹង ចិត្តចង្អៀត
សែនឆ្ងាយឃ្លាត ពុំស្មើនឹង ឃ្លាតពីច្បាប់។

សុខឯណា នឹងមិនដល់ សេចក្ដីស្ងប់
ថ្លង់គ្រប់ដប់ នឹងមិនដល់ មិនព្រមស្ដាប់
ដែកថែបរឹង នឹងមិនដល់​ មានះស្រាប់
ឆេះលឿនឆាប់ នឹងមិនដល់ ភ្លើងទោសៈ។

ត្រជាក់អ្វី ក៏ពុំស្មើ សីលបញ្ញា
ទឹករងថ្លា ក៏ពុំស្មើ ធម៌សច្ចៈ
ព្រេងមិនព្រាត់ ក៏ពុំស្មើ ស្និទ្ធស្មោះស្ម័គ្រ
ងងិតខ្វាក់ ក៏ពុំស្មើ អ្នកមិនមើ។

ក្រពះឆ្អែត នៅមិនដូច ឆ្អែតចំណង់
បន្ទាត់ត្រង់ នៅមិនដូច ត្រង់អំពើ
ម្នុស្សវិកល នៅមិនដូច អ្នកជាល្ងើ
ខ្ពស់ដល់លើ នៅមិនដូច កិត្តិយស។

មាំយ៉ាងណា ក៏មិនដល់ សាមគ្គី
ឈ្ងុយគ្រប់ទី ក៏មិនដល់ ក្លិនកេរ្ដិ៍ឈ្មោះ
ទឹកឃ្មុំផ្អែម ក៏មិនដល់ ពាក្យពីរោះ
ពិសសត្វពស់ ក៏មិនដល់ ការនិន្ទា។

កម្រាស់អ្វី វាពុំស្មើ នឹងតណ្ហា
ច្រើនដល់ម៉្លា វាពុំស្មើ ចិត្តលោភា
ក្ដៅម្ដេចក្ដី វាពុំស្មើ ភ្លើងរាគា
យប់សន្ធ្យា វាពុំស្មើ ក្ដីមោហោ។

ចំណាំៈ ការចាប់ចុងចួន និងសង្កត់សំឡេង គោរពទៅតាម
បទពាក្យ ៩ ធម្មតា ។ បន្ថែមនៅត្រង់ៈ
- ,,៦ ឃ្លា១ ផ្ទួន ៤,,៦ ឃ្លា២ ឃ្លា៣ និងឃ្លា៤ និង,
- ផ្ទួន ៤,៥,៦ ផ្សេងៗ គ្នានៃល្បះនីមួយៗ ។
 


** នៅទីនេះ សរសេរដកឃ្លាក្នុងឃ្លា គឺដើម្បីបង្ហាញពីលក្ខណៈ
មេកាព្យថ្មីតែប៉ុណ្ណោះ ពេលសរសេរយកជាផ្លូវការ មិនត្រូវ
ដកឃ្លាក្នុងឃ្លាទេៈ «ងងឹតអ្វី ពុំស្មើនឹង អវិជ្ជា» ត្រូវសរសេរជា
«ងងឹតអ្វីពុំស្មើនឹងអវិជ្ជា»

(មេកាព្យថ្មីនេះ គឺខ្ញុំបានសរសេរឡើងមកជាងពីរឆ្នាំហើយ
ទើបរៀបចំចងក្រងជាក្បួនកាព្យនៅពេលនេះ)។

No comments:

Post a Comment