Friday, March 2, 2012

បទ «ក.ខ»

                          ដោយ​ រ័ត្នន៍ សេនា


ក  កាន់ខ្មៅដៃពិច័យចិត្ត           
ខ ខំផ្ចង់ផ្ចិតដិតអារម្មណ៍          
គ  គិតពាក្យកាព្យរៀបផ្សែផ្សំ
ឃ ឃើញថាចំជាសេចក្ដី។

ង  ងប់សញ្ជប់ចងចុងចួន          
ច  ចេញស្ដែងខ្លួនលេងសម្តី
ឆ  ឆើតអើតអន់ទោះវែងខ្លី          
ជ  ជាក់គប្បីគ្រាន់បើដែរ។

ឈ ឈាមជ័រខ្មែរចង់ថែរទុក     
ញ ញ៉ាំងទំនុកកាព្យហូរហែរ
ដ  ដើម្បីស្ទួយវប្បធម៌ខ្មែរ         
ឋ  ឋិតថួនថែថេរកន្លង។

ឌ  ឌឺបញ្ឈឺដាក់ដងផ្លែ              
ឍ ធៀបគ្រាន់តែមានបំណង
ណ ណាយសម្តីអ្នកខ្លះផង        
ត  តែងឌឺដងថាកុំថ្វី។

ថ  ថាត្បិតតែចេះស្តួចស្តើង        
ទ  ទុកបានថ្កើងនិងគប្បី
ធ  ធៀបអ្នកចេះតែពុំស្ដី
ន  នឹងសល់អ្វីក្ស័យតាមកាយ។

ប  បើដូច្នោះអស់លោកអ្នក       
ផ  ផងកុំលាក់សូមចែកចាយ
ព  ពាក្យសរសេរកាព្យសម្រាយ  
ភ   ភាគបកស្រាយបង្ហាញញាតិ។

ម  មើលកំសាន្តបានចំណេះ      
យ  យកទៅត្រឹះរិះថែមទៀត
រ  រឹតនឹកគិតអំពីជាតិ                
ល  លែងចាកឃ្លាតជាតិវប្បធម៌។

វ  វិញ្ញាណខន្ធ័នៃដូនតា             
ស  សាធុកាឱ្យជ័យពរ
ហ ហើយសាសន៍គេមិនបន្ទរ      
ឡ ឡែបខាយមក៍មើលមាក់ងាយ។

អ  អង្គនៃខ្ញុំសូមអភ័យ               ​​​    
លោកអ្នកប្រុសស្រីផងទាំងឡាយ
នេះគំនិតស្មោះមិនឡែបខាយ       
សូមទានកុំស្តាយអត់ទោសា។


   ចំណាំៈ របៀបសង្កត់សំឡេង និងចាប់ចុងចួនគោរពតាមបទពាក្យ ៧
             ធម្មតា។ បន្ថែមតែត្រង់ យកព្យញ្ជនៈទាំង៣៣តួ  ក ខ...មួយចប់ 
              យកមកធ្វើជាព្យាង្គដើមឃ្លា គ្រប់ឃ្លាទាំងអស់។

No comments:

Post a Comment