Saturday, March 3, 2012

បទ «ពាក្យ ៨» (បន្ទាប់ធម្មតា)

ដោយ​ រ័ត្នន៍​ សេនា

ទម្លាប់អ្នកស្រែក្រោយពេលបញ្ចប់
ច្រូតកាត់គ្រប់សព្វបោកបែនបញ្ជាន់
រួចស្រេចបាច់ហើយ
បានស្បើយគ្រប់គ្រាន់
មិនសូវរួសរាន់ប្រញាប់ប្រញាល។

ចប់ការធ្វើស្រែបន្លែដាំដុះ
ដំណាំចម្រុះបណ្ដុះក្នុងថ្នាល
ចិញ្ចឹមជ្រូកមាន់ទារាប់សិបក្បាល
គ្រាន់ជួយសម្រាលការទិញពីផ្សារ។

សេសសល់ពីហូបលក់យកកម្រៃ
ចាយប្រចាំថ្ងៃនៅក្នុងគ្រួសារ
ពុំសូវខ្វល់ខ្វាយរឿងថវិកា
ក៏ព្រោះឧស្សាហ៍ការពុំទំនេរ។

ថ្វីត្បិតធនធានមានមិនស្ដុកស្ដម្ភ
ក៏ល្មមសក្តិសមច្រឡំនឹងគេ
ជីវភាពស្រែតោងតែគ្នាន់គ្នេរ
ដីកេរអ្នកមេ
ត្រូវចេះកែច្នៃ។

កូនបានរៀនសូត្រគ្រប់ឆ្នាំរដូវ
មិនបាច់តម្រូវលក់ស្រូវរាល់ថ្ងៃ
ធ្វើបុណ្យដាក់ទានមានប្រាក់ចងដៃ
មូលធនបច្ច័យត្រៀមទុកឥតខ្វះ។

ព្រឹកល្ងាចជួបជុំក្នុងក្រុមគ្រួសារ
ស្រស់ស្រូបអាហារឱជារសណាស់
បងប្អូនជិតខាងស្រីប្រុសក្មេងចាស់
ញាតិមិត្តមិនខ្វះភូមិឃុំសុខសាន្ដ។

ចំណាប់ចុងចួនៈ 


ព្យាង្គ៨ ឃ្លា ១ ចួន ព្យាង្គ៤ ឃ្លា ២ គ្រប់ល្បះទាំងអស់។
ព្យាង្គ៨ ឃ្លា ២ ចួន ព្យាង្គ៨ ឃ្លា ៣ ចួន ព្យាង្គ៤ ឃ្លា ៤។
ព្យាង្គ៨ ឃ្លា ៤ ល្បះមុខ ចួន ព្យាង្គ៨ ឃ្លា ២ ចួន ព្យាង្គ៨ ឃ្លា ៣
ចួន ព្យាង្គ៤ ឃ្លា ៤ ល្បះបន្ត។
ការសង្កត់សំឡេងៈ
        ​​​​​​​​​​​សង្កត់សំឡេងលើព្យាង្គ ព្យាង្គ៤ និង ព្យាង្គ៨ គ្រប់ឃ្លា។

No comments:

Post a Comment