Wednesday, August 14, 2013

បទ គូអើយ

មេកាព្យបែបបង្កើតថ្មី
«បទ គូអើយ»
រ័ត្នន៍ សេនា

ចិត្តអើយចិត្តប៉ងផ្សងអើយផ្សងពិត
នែបអើយនែបនិត្យរឹតអើយរឹតរួប
ជាក់អើយជាក់ជុំផ្គុំអើយផ្គុំផ្គួប
ច្រើនអើយច្រើនខួបចួបអើយចួបគ្នា។

ស្មោះអើយស្មោះស្ម័គ្រដាក់អើយដាក់ចិត្ត
ថែអើយថែឋិតឥតអើយឥតរា
ថ្ងៃអើយថ្ងៃយប់គ្រប់អើយគ្រប់គ្រា
នៅអើយនៅនាជាអើយជាគូ។

របៀបចាប់ចុងចួន និងសង្កត់សំឡេង គោរពតាមបទ
ពាក៨ (បន្ទាប់ធម្មតា) បន្ថែមត្រង់៖
ព្យាង្គ១ ផ្ទួន ព្យាង្គ៣, ព្យាង្គ៥ ផ្ទួន ព្យាង្គ៧, ព្យាង្គ៤
ចួន ព្យាង្គ៥, «អើយ» នៅព្យាង្គ ២ និង ៦ គ្រប់ឃ្លា
ទាំងអស់។



បទ គូគាប់

មេកាព្យបែបបង្កើតថ្មី
បទ គូគាប់ (រ័ត្នន៍ សេនា)

ព្រឹក្សព្រៃព្រំដែនដែនសីមា
បព្វតាទាបខ្ពស់ខ្ពស់សន្លឹម
ទេសភាពខៀវស្រស់ស្រស់ប៉ប្រិម
ព្រលឹមសន្សើមសើមថ្មីៗ។

លើកំពូលភ្នំភ្នំដងរែក
សណ្ដូកខ័ណ្ឌចែកចែកទឹកដី
ទាំងពីរសញ្ជាតិជាតិប្រុសស្រី
កុំបីឈ្លបឈ្លានឈ្លានពានគ្នា។

បើអាចរួមរស់រស់មិត្តភាព
រៀងរាបជាសុខសុខជានា
សន្តិភាពជាតិជាតិនឹងគ្នា
គឺជាក្ដីសុខសុខសន្តិ។

សម្គាល់ៈ ការសង្កត់សម្លេង និងចាប់ចុងចួន
គោរពតាមបទពាក្យ ៧ ប្លែកត្រង់៖ ព្យាង ៤
ផ្ទួនព្យាង្គ៥ គ្រប់ឃ្លាទាំងអស់។


បទ គូដើម

មេកាព្យបែបបង្កើតថ្មី

បទ គូគាប់ដើម
(រ័ត្នន៍ សេនា)

តក់ៗ ស្ដាប់តំណក់ទឹក
នឹកៗ ភ្លេចភ្លាំងស្មារតី
ប្លុងៗ ដូចភ្លើងរាត្រី
ថ្មីៗ អនុស្សាវរីយ៍។

ធ្មេចៗ បំភ្លេចរឿងររ៉ាវ
ប្រាវៗ បាក់បែកខ្ទេចខ្ទី
ប្រូងៗ ធ្លាក់ក្នុងវារី
មីរៗ ដូចមេឃងងិត។

វូៗ ខ្យល់បក់បោកផាត់
សាត់ៗ ខានបាននែបនិត្យ
សូន្យៗ ខុសពីការគិត
ពិតៗ ប្រែជាក្លែងក្លាយ។

អ្វីៗ មិនទៀតទាត់ឡើយ
ស្បើយៗ ទុក្ខខិតជិតកាយ
យំៗ ប្រែសើចសប្បាយ

ឆ្ងាយៗ ក៏ចួនជាជិត។

រៀបចាប់ចុងចួន និងសង្កត់សំឡេង គោរពតាមបទ
ពាក្យ ៦ (ចួននៅព្យាង្គ ២ ទាំងអស់) បន្ថែមត្រង់៖
ព្យាង្គ ១ ផ្ទួន ព្យាង្គ ២ គ្រប់ឃ្លាទាំងអស់។