Sunday, March 4, 2012

បទ «ពាក្យ ៩»

​​         ដោយ​ រ័ត្នន៍​ សេនា  
​​​      


កម្ពុជា អាណាចក្រ ដែនដីប្រាង្គ
មានសំអាង តាងសម្គាល់ នូវស្នាដៃ
រាប់រយពាន់ ច្រើនតំណ ដល់សព្វថ្ងៃ
មានតម្លៃ ដ៏សម្បើម ច្រើនគគោក ។

អង្គរវត្ត ថ្កើងមុខមាត់ ប្រទេសជាតិ
ក្រុមឯទៀត នៃប្រាសាទ ដ៏មានជោគ

ចូលជាបេតិកភណ្ឌ ពិភពលោក
នេះទ្រព្យភោគ វប្បធម៌ ខេមរា ។
        

ចំណាប់ចុងចួនៈ 
                   
         ព្យាង្គ៩ ឃ្លា ១ ចួន ព្យាង្គ៣ ឃ្លា ២ គ្រប់ល្បះទាំងអស់។
         ព្យាង្គ៩ ឃ្លា ២ ចួន ព្យាង្គ៩ ឃ្លា ៣ ចួន ព្យាង្គ៣ ឃ្លា ៤។
         ព្យាង្គ៩ ឃ្លា ៤ ល្បះមុខ ចួន ព្យាង្គ៩ ឃ្លា ២ ចួន ព្យាង្គ៩ ឃ្លា ៣
         ចួន ព្យាង្គ៣ ឃ្លា ៤ ល្បះបន្ត។        
 ការសង្កត់សំឡេងៈ 
          សង្កត់សំឡេងលើព្យាង្គ ៣ និង ព្យាង្គ៦ គ្រប់ឃ្លា។ 
   
         

Saturday, March 3, 2012

បទ «ពាក្យ ៨» (បន្ទាប់ធម្មតា)

ដោយ​ រ័ត្នន៍​ សេនា

ទម្លាប់អ្នកស្រែក្រោយពេលបញ្ចប់
ច្រូតកាត់គ្រប់សព្វបោកបែនបញ្ជាន់
រួចស្រេចបាច់ហើយ
បានស្បើយគ្រប់គ្រាន់
មិនសូវរួសរាន់ប្រញាប់ប្រញាល។

ចប់ការធ្វើស្រែបន្លែដាំដុះ
ដំណាំចម្រុះបណ្ដុះក្នុងថ្នាល
ចិញ្ចឹមជ្រូកមាន់ទារាប់សិបក្បាល
គ្រាន់ជួយសម្រាលការទិញពីផ្សារ។

សេសសល់ពីហូបលក់យកកម្រៃ
ចាយប្រចាំថ្ងៃនៅក្នុងគ្រួសារ
ពុំសូវខ្វល់ខ្វាយរឿងថវិកា
ក៏ព្រោះឧស្សាហ៍ការពុំទំនេរ។

ថ្វីត្បិតធនធានមានមិនស្ដុកស្ដម្ភ
ក៏ល្មមសក្តិសមច្រឡំនឹងគេ
ជីវភាពស្រែតោងតែគ្នាន់គ្នេរ
ដីកេរអ្នកមេ
ត្រូវចេះកែច្នៃ។

កូនបានរៀនសូត្រគ្រប់ឆ្នាំរដូវ
មិនបាច់តម្រូវលក់ស្រូវរាល់ថ្ងៃ
ធ្វើបុណ្យដាក់ទានមានប្រាក់ចងដៃ
មូលធនបច្ច័យត្រៀមទុកឥតខ្វះ។

ព្រឹកល្ងាចជួបជុំក្នុងក្រុមគ្រួសារ
ស្រស់ស្រូបអាហារឱជារសណាស់
បងប្អូនជិតខាងស្រីប្រុសក្មេងចាស់
ញាតិមិត្តមិនខ្វះភូមិឃុំសុខសាន្ដ។

ចំណាប់ចុងចួនៈ 


ព្យាង្គ៨ ឃ្លា ១ ចួន ព្យាង្គ៤ ឃ្លា ២ គ្រប់ល្បះទាំងអស់។
ព្យាង្គ៨ ឃ្លា ២ ចួន ព្យាង្គ៨ ឃ្លា ៣ ចួន ព្យាង្គ៤ ឃ្លា ៤។
ព្យាង្គ៨ ឃ្លា ៤ ល្បះមុខ ចួន ព្យាង្គ៨ ឃ្លា ២ ចួន ព្យាង្គ៨ ឃ្លា ៣
ចួន ព្យាង្គ៤ ឃ្លា ៤ ល្បះបន្ត។
ការសង្កត់សំឡេងៈ
        ​​​​​​​​​​​សង្កត់សំឡេងលើព្យាង្គ ព្យាង្គ៤ និង ព្យាង្គ៨ គ្រប់ឃ្លា។

បទ «ពាក្យ​ ៨ »

     ដោយ​ រ័ត្នន៍​ សេនា


ចំណេះដឹងមិនអាចរៀនចប់អស់
គង់នៅខ្វះចន្លោះសព្វកន្លែង
មួយជីវិតទោះប្រឹងរៀនជាក់ស្ដែង
ខំស្វះស្វែងយ៉ាងណាគង់សេសសល់។

ការស្រាវជ្រាវរុករកមកសិក្សា
ក្រៅសាលាប្រាជ្ញាក៏បានដល់
ភាពស្រពិចស្រពិលមន្ទិលឆ្ងល់
បានរសាយចម្ងល់ក្នុងពេលហ្នឹង។

អានសៀវភៅឯកសារឱ្យបានច្រើន
នឹងអាចកើនចំណេះការយល់ដឹង
ចេះពីរៀនទ្រព្យមានបានដោយប្រឹង
ខុសព្រោះខឹងសុខសាន្តត្បិតចិត្តស្ងប់។ 

 ចំណាប់ចុងចួនៈ  
ព្យាង្គ៨ ឃ្លា ១ ចួន ព្យាង្គ៣ ឬព្យាង្គ៥ ឃ្លា ២ គ្រប់ល្បះទាំងអស់។
   ព្យាង្គ៨ ឃ្លា ២ ចួន ព្យាង្គ៨ ឃ្លា ៣ ចួន ព្យាង្គ៣ ឬព្យាង្គ៥ ឃ្លា ៤។
ព្យាង្គ៨ ឃ្លា ៤ ល្បះមុខ ចួន ព្យាង្គ៨ ឃ្លា ២ ចួន ព្យាង្គ៨ ឃ្លា ៣
          ចួន ព្យាង្គ២ ឬព្យាង្គ៤ ឃ្លា ៤ ល្បះ ២។

ការសង្កត់សំឡេងៈ

        សង្កត់សំឡេងលើព្យាង្គ ៣ និង ៥ គ្រប់ឃ្លា។ 


បទ «ពាក្យ ៧»


សិក្សា និង តែងកាព្យ
បទពាក្យ ៧
(កង្កែបទៅប្ដឹង)
........................

ថ្ងៃមួយកង្កែបលោតទៅប្តឹង
កំហឹងនឹងពួកមនុស្សា
ដេញចាប់ចាក់វាយបោកប្រហារ
ធ្វើស្លអាំងឆាសព្វវិធី។

ឱសឱ!លោកម្ចាស់ជាចម្បង
ជួយយើងខ្ញុំផងទាំងឈ្មោលញី
ធ្លាក់ភ្លៀងមកភ្លាមខំសម្ភី
មូលមីរចេញមករកស្នេហា។

ពេលជួបគ្នាហើយរៀបលកលៃ
រវាសរវៃនឹងចាត់ការ
ក៏មានអំពូលភ្លឺម៉្លេះណា
បញ្ចាំងកាយាច្បាស់ដូចថ្ងៃ។

មានច្បូកព្រនង់ស្នដំបង
វាយផងចាក់ផងមិនដកដៃ
ឱ្យពួកខ្ញុំប្រាសទាំងអាល័យ
សូមលោកម្ចាស់ថ្លៃជួយដោះស្រាយ។

មេវាស្ដាប់ហើយឆ្លើយឡើងថា
រូបអញនេះណាសែនខ្វល់ខ្វាយ
សម្ងំក្រោមពាងពួនលាក់កាយ
មិនហ៊ានចេញឆ្ងាយឬឡូឡា។

ដូច្នេះពួកឯងត្រឡប់ឆាប់
ប្រញាប់ប្រញាល់ចរយាត្រា
បើមនុស្សមកមរណា
តែរូបអាត្មាអញក៏ក្ស័យ។
..................

ចំណាប់ចុងចួនៈ
- ៧ ឃ្លា ១ ចួន ២ឬ៤ ឃ្លា ២ គ្រប់ល្បះទាំងអស់។
៧ ឃ្លា ២ ចួន ៧ ឃ្លា ៣ ចួន ២ឬ៤ ឃ្លា ៤។
- ៧ ឃ្លា ៤ ល្បះ ១ ចួន ៧ ឃ្លា ២ ល្បះ ២
ចួន ៧ ឃ្លា ៣ ល្បះ ២ ចួន ២ឬ៤ ឃ្លា ៤ ល្បះ ២។

ការសង្កត់សំឡេងៈ
សង្កត់សម្លេងលើព្យាង្គ ២ និង ៤ គ្រប់ឃ្លា។